សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ
អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងសង្គមកិច្ច រួចបញ្ជូនទៅតុលាការ បន្ទាប់ពីមន្ត្រីរូបនោះត្រូវបានរកឃើញថា បានកិបកេងថវិការដ្ឋ ខណៈកំពុងកាន់តួនាទីទទួលបន្ទុកខាងហិរញ្ញវត្ថុ។លោក ឡាយ សំណាងអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃអង្គារ ក្រោយការសង្ស័យចំពោះការប្រព្រឹត្តខុសរបស់លោកដែលកើតឡើងតាំងពីឆ្នាំ២០១៩។
សំណុំរឿងរបស់លោក ឡាយ សំណាង ដែលសង្ស័យថា បានកិបកេងថវិការដ្ឋចំនួនជាង១៥៤៨លានរៀល ឬស្មើនឹងជាង៣៨ម៉ឺនដុល្លារសហរដ្ឋអាមេរិកនោះ ត្រូវបានបញ្ជូនទៅតុលាការរួចហើយកាលពីព្រឹកថ្ងៃពុធនេះ បើតាមអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ។
លោកថ្លែងថា៖ «សំណុំរឿងយើងបានបញ្ជូនព្រឹកមិញរួចហើយ ឥឡូវនេះ គាត់កំពុងតែស្ថិតនៅក្នុងដំណាក់កាលស៊ើបសួររបស់ព្រះរាជអាជ្ញាបញ្ជាក់ថា លោកឡាយ សំណាង ដែលមានតួនាទីជាអ្នកទៅបើកប្រាក់ពីរតនាគារ ឬធនាគារដើម្បីយកមកដាក់ក្នុងបេឡារបស់ក្រសួងសង្គមកិច្ចនោះ ត្រូវសង្ស័យថា បានកិបកេងប្រាក់រដ្ឋដោយសារលោកមិនយកសាច់ប្រាក់ដែលបើកបានពីរតនាគារ ឬធនាគារទៅដាក់ក្នុងបេឡារបស់ក្រសួង។
លោក ឡាយ សំណាង អាចត្រូវបានចោទប្រកាន់តាមមាត្រាសំខាន់ពីរនៃក្រមព្រហ្មទណ្ឌកម្ពុជាគឺមាត្រា៥៩៧ និង៥៩៨ ហើយមន្ត្រីសង្គមកិច្ចរូបនោះក៏រងការចោទប្រកាន់ពីបទល្មើសនេះបើតាមលោក សយ ចាន់វិចិត្រ។
ក្រមព្រហ្មទណ្ឌកម្ពុជាមាត្រា៥៩៧ចែងពីការកេងយកផលប្រយោជន៍ដោយខុសច្បាប់ ហើយមាត្រា៥៩៨ចែងពីការផ្តន្ទាទោសពី២ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានទៅ១០លានរៀល បើជនសង្ស័យត្រូវបានរកឃើញថា មានទោស។